MENU
|
ខេត្កកណ្ដាល៖ យុវត្តីរូបស្រស់សាច់ខ្ចីញ៉េញម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយទិញគ្រឿងអលង្ការ មិន ឲ្យលុយ បញ្ឆេះម៉ូតូបំរុងជិះគេចមិនរួច។ ករណីនេះកើតឡើង នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ១០និង២៥នាទីនៅចំណុច: ផ្ទះលក់ផ្លាកទីនរបស់ឈ្មោះ ស សុភី ភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្កណ្ដាល។
ជនរងគ្រោះឈ្មោះ ស សុភី ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ មុខរបរ អាជីវករលក់ផ្លាកទីន។ ចំណែកជនសង្ស័យចំនួនឈ្មោះ សាន លាងហ៊ី ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកសែម ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។ មុខរបរ មិនពិតប្រាកដ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។
វត្ថុតាងចាប់យកលោហៈធាតុពណ៌លឿង(ខ្សែកផ្លាកទីន ទម្ងន់ ១ជី ៦ហ៊ុន ៤លី) ចំនួន ១ខ្សែ លោហៈធាតុពណ៌លឿង(ខ្សែដៃផ្លាកទីន ទម្ងន់១ជី ៨ហ៊ុន ៨លី)ចំនួន ១ខ្សែ ម៉ូតូម៉ាកHonda Scopy i ពណ៌ស គ្មានស្លាកលេខ មានលេខតួរ និងលេខម៉ាស៊ីន 8053019ចំនួន០១គ្រឿង ទូរសព្ទដៃម៉ាកអិនចុចពិល ចំនួន ១គ្រឿងប្រាក់រៀលចំនួន ៦៥០០៛ និងកាបូបដៃចំនួន១។
ប្រភពអោយដឹងថា មុនពេលកើតហេតុ ជនសង្ស័យខាងលើបានជិះម៉ូតូរបស់ខ្លួនម៉ាកHonda Scopy i មួយគ្រឿងតែម្នាក់ឯងឆ្ពោះទៅផ្សារកោះធំ ។ មកដល់ផ្ទះលក់គ្រឿងអលង្ការរបស់ជនរងគ្រោះភ្លាមជនសង្ស័យបានចូលទៅក្លែងធ្វើជាទិញយកគ្រឿងអលង្ការ មានខ្សែកផ្លាកទីនផ្លាកទីន ១ខ្សែ ដោយខ្លួន គ្មានប្រាក់នោះទេ។
ជងរងគ្រោះបានបំពាក់ខ្សែក និងខ្សែដៃដល់ជនសង្ស័យ រួចទារយកប្រាក់ថ្លៃគ្រឿងអលង្ការនោះ តែជនសង្ស័យថាប្រាក់របស់ខ្លួនទុកក្នុងកែបម៉ូតូហើយក៏ដើរសំដៅទៅធ្វើជាចាក់កែបម៉ូតូរួចបញ្ឆេះម៉ូតូរៀបនិងជិះគេចចេញទៅ ក៏ត្រូវជនរងគ្រោះស្រែកអោយអ្នកនៅក្បែរនោះជួយចាប់ជនសង្ស័យ ។ ជនសង្ស័យត្រូវបានជនរងគ្រោះនិងប្រជាពលរដ្ឋចាប់ប្រគល់អោយនគរបាល។
សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យរួមនិងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីសាក សួរចាត់ការតាមនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យ សាន លាងហ៊ី បានឆ្លើយសារភាពថាខ្លួនពិតជាបានលួចយកខ្សែកផ្លាកទីន ១ខ្សែ និងខ្សែដៃផ្លាកទីន ១ខ្សែ របស់ជនរងគ្រោះប្រាកដមែន។ ជនសង្ស័យរូបនេះបន្តទៀតថារូបខ្លួនពុំធ្លាប់លួចពីមុនមកទេ តែដោយខ្លួនត្រូវការប្រាក់ដើម្បីយកទៅ អោយម្ដាយរបស់គូដណ្ដឹងខ្លួនដើម្បីជួយសម្រាលថ្លៃបណ្ដាការ ទើបសម្រេចចិត្តលួចយកគ្រឿងអលង្ការ របស់គេតែម្ដង។ ចំពោះខ្សែក និងខ្សែដៃផ្លាកទីន ត្រូវបានប្រគល់ជូនជនរងគ្រោះវិញហើយ ៕