រាជធានីភ្នំពេញ៖ បុរស២នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុដោយសាររថយន្តដឹកដែកធន់ធំមួយគ្រឿងបានបើកបុកម៉ូតូជនរងគ្រោះជិះគ្នា២នាក់និងកិនកាលពីវេលាម៉ោងប្រហែល១និង២០នាទីយប់ចូលថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០១៦នៅចំណុចផ្លូវជាតិ៤ក្នុងខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
ជនរងគ្រោះដែលបានស្លាប់យ៉ាងអាណោចអាធមមានឈ្មោះឈ្មោះទុយសុភាពអាយុ២៩ឆ្នាំមានទីលំនៅទីរួមខេត្តកំពង់ស្ពឺខេត្តកំពង់ស្ពឺនិងឈ្មោះអ៊ុកសុជាតិអាយុ៣៣ឆ្នាំមានទីលំនៅស្រុកកណ្តាលស្ទឹងខេត្តកណ្តាល ។មុនពេលកើតហេតុសាក្សីបាននិយាយថាគេបានឃើញរថយន្តបង្កបើកលឿនបានបុកម៉ូតូជនរងគ្រោះពេញហឹងនិងកិនជនរងគ្រោះបែកក្បាលស្លាប់ទាំង២នាក់នៅក្រោមកប់រថយន្ត។
ក្រោយពេលកើតហេតុគេបានឃើញសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុពិនិត្យសាកសពនិងប្រគល់ទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែករថយន្តបង្កគ្រោះថ្នាក់និងម៉ូតូរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករង់ចាំការដោះស្រាយតាមក្រោយទៀត៕