រាជធានីភ្នំពេញ៖ អធិការនគរបាលខណ្ឌ៧មករា លោក នេត ស៊ីថុន បានប្រាប់ភ្នាក់ងារសារព័ន៌មាននៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦នេះថា សកម្មជនគណបក្សសង្គ្រោះ លោក អ៊ុំ តារ៉ា ដែលត្រូវបានចាប់ខ្លួនដោយរឿងប៉ះពារគ្នាបន្តិចបន្តួចនៅខាងមុខតុលាការក្រុង ពេលដំណើរការកាត់ទោសឯកឧត្តម កឹម សុខា ឲ្យត្រឡប់ទៅវិញហើយ ក្រោយធ្វើការអប់រំណែនាំរួចមក។
លោក នេត ស៊ីថុន បានបញ្ជាក់ថាយើងបានឲ្យគាត់ទៅវិញហើយ តាំងពីក្រោយចាប់ខ្លួនមកនោះ បន្ទាប់ពីធ្វើការអប់រំណែនាំនិងឲ្យគាត់ធ្វើកិច្ចសន្យារួចមក។
សូមបញ្ជាក់ថានៅម៉ោងប្រមាណ ៩ៈ៣០នាទីព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ មានការរុញច្រាន និងប៉ះពារគ្នាបន្តិចបន្តួចរវាងអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ ជាមួយកងកម្លាំងសមត្ថកិច្ច នៅមុខសាលាដំបូងរាជធានីភ្នំពេញហើយបុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាំទៅអធិការខណ្ឌ។
មូលហេតុដែលនាំឲ្យមានការឃាត់ខ្លួន អ្នកគាំទ្ររបស់គណបក្សសង្គ្រោះជាតិរូបនេះ គឺដោយសារតែគាត់បានកាន់ម៉េក្រូ ស្រែកបំពងសម្លេង ពេលនោះសមត្ថកិច្ចបានទៅ ឃាមឃាត់ និងដកហូត តែគាត់មិនឲ្យទើបកម្លាំងសមត្ថកិច្ចសម្រេចធ្វើការឃាត់ខ្លួនតែម្តង៕