រាជធានីភ្នំពេញ៖ មានការប្រមូលផ្តុំនៅទីស្នាក់ការបក្សប្រឆាំងមិនឃើញមានកម្លាំងសមត្ថកិច្ចពង្រាយឬយករបាំងដែលទុកនៅតាមដងផ្លូវជាតិលេខ២ មកបិទផ្លូវឡើយដោយឃើញមានតែសមត្ថកិច្ចជួយសម្រួលចរាចរណ៍។
ចំណែកសមត្ថកិច្ចរាប់រយនាក់ដាក់កម្លាំងពង្រឹងសន្តិសុខ ដោយប្រមូលកម្លាំងនៅលើផ្លូវជាតិលេខ៦០ខាងលិច ទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិចាក់អង្រែលើខណៈសកម្មជនបក្សនេះជាច្រើនរយនាក់ប្រមូលផ្ដុំនៅទីស្នាក់ការដើម្បីឃ្លាំមើលសវនាការលើលោក កឹម សុខា នៅព្រឹកថ្ងៃទី៩ កញ្ញា។
កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានប្រកាសជំហរក្នុងការធ្វើសវនាការលើសំណុំរឿងប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បើទោះបីជា អវត្តមានលោក កឹម សុខា និងមេធាវីការពារក្ដី។
នៅឯទីស្នាក់ការបក្សប្រឆាំងវិញ លោក កឹម សុខា គ្រោងនឹងថ្លែងទៅកាន់អ្នកគាំទ្ររបស់ខ្លួននៅម៉ោង៩ព្រឹកនេះ។ ខណៈសកម្មជនបក្សនេះបន្តធ្វើដំណើរមកកាន់ទីស្នាក់ការហើយអ្នកខ្លះក៏ត្រូវបានអាជ្ញាធរតាមបណ្ដាខេត្តរារាំងមិនឲ្យធ្វើដំណើរមកនោះទេ។
រឿងក្ដីក្ដាំរបស់ លោក កឹម សុខា គឺជាប់ចោទពីបទមិនចូលខ្លួនទៅបំភ្លឺនៅតុលាការក្នុងនាមជាសាក្សី ពាក់ព័ន្ធសំណុំរឿងអ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ និងរងការចោទថា បានប្រព្រឹត្តបទល្មើសជាក់ស្ដែង។