រាជធានីភ្នំពេញ៖សមត្ថកិច្ចជំនាញការិយាល័យទី១ នៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី៧ខែសីហាឆ្នាំ២០១៦បានបញ្ជូនស្រី្តជាប់ចោទឈ្មោះហ្វៀងធីវ៉ាន់ភេទស្រីជនជាតិវៀតណាម អាយុ៣២ឆ្នាំពាក់ពន្ធជួញដូរគ្រឿងញៀន៣គីឡូក្រាមមកកាន់សាលាដំបូងរាជធានីភ្នំពេញ ជនសង្ស័យនេះកំពុងស្ថិតនៅក្រោមការសាកសួររបស់តំណាងអយ្យការ។
សូមបញ្ជាក់ថាកាលពីវេលាម៉ោង៥និង១០នាទីល្ងាចថ្ងៃទី៣សីហា២០១៦ កម្លាំងសមត្តកិច្ចជំនាញការិយាល័យទី១នៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀ ននៅចំណុចមុខហាងលក់ហាងPizza Company ផ្លូវលេខ១០៥ជិតស្ថានទូតអាល្លឺម៉ង់សង្កាត់វាលវង់ ខណ្ឌ៧មករានិងបន្ដឆែកឆេរបន្ទប់ជួលនៅជាន់ទី៣ផ្ទះលេខ៦៩ផ្លូវ១៧៨សង្កាត់បឹងរាំង ខណ្ឌដូនពេញរាជធានីភ្នំពេញ។
សមត្ថកិច្ចបានធ្វើការឃាត់ជនសង្ស័យម្នាក់ឈ្មោះហ្វៀងធីវ៉ាន់ភេទស្រីជនជាតិវៀតណាម អាយុ៣២ឆ្នាំមុខរបរនិងស្នាក់នៅមិនពិប្រាកដ។ចាប់យកវត្ថុតាងជាដំបូងរួមមានថ្នាំញៀនប្រភេទម៉េតំហ្វេតាមីន ICE(ម៉ាទឹកកក)ទម្ងន់១គីឡូក្រាមថ្នាំគ្រាប់ប្រភេទអិចស្ដ្រាស៊ី៨កញ្ចប់និងថ្នាំប្រភេទហេរ៉ូអីន ៦៥កញ្ចប់តូច។
ក្រោយពីឃាត់ខ្លួនស្រ្តីជនជាតិវៀតណាមម្នាក់នោះមកដល់ថ្ងៃទី៤សីហា ឆ្នាំ២០១៦នេះសមត្ថកិច្ចបានសាកសួរយកចម្លើយ ធ្វើឲ្យបេសកកម្មឈានដល់ការដកហូតថ្នាំញៀនសរុបជាង៣គីឡូក្រាម។ ជាក់ស្តែងដូចខាងក្រោមនេះ(៣៥២៥,៤៤ក្រាម)ក្នុងនោះមាន១ថ្នាំញៀនប្រភេទមេតំហ្វេតាមីនice (ម៉ាទឹកកក)៣០៣៣,៨២ក្រាមថ្នាំគ្រាប់ប្រភេទអិចស្ដ្រាស៊ីMDMA ២៤៩,៩៨ក្រាមនិងប្រភេទហេរ៉ូអីន Heroine ២៤១,៦៤ក្រាម៕