រាជធានីភ្នំពេញ ៖ នៅវេលារសៀលថ្ងៃទី ២៧ ខែមករា ឆ្នាំ២០១៦នេះ កម្លាំងនគរបាល នៃនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយឧត្តមសេនីយ៍ទោអ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានសើុបអង្គេត និងអនុវត្តនីតិវិធី បានបន្តចុះត្រួតពិនិត្រការរស់នៅខុសច្បាប់របស់ជនជាតិវៀតណាម នៅចំណុចទីតាំងកៃច្នៃឈើចំនួន ៣ទីតាំង ស្ថិតតាមបណ្តោយផ្លូវប្រលាយទឹកស្អុយ ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រតិបត្តិការខាងលើនេះធ្វើឡើងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ លោកមាស ច័ន្ទពិសិដ្ឋ ។ ហើយជាលទ្ធិផលជាក់ស្តែងចំពោះមុខ សមត្ថកិច្ចបានរកឃើញជនជាតិវៀតណាម១៨នាក់ ក្នុងនោះស្រី២នាក់ ដែលរស់ខុសច្បាប់គ្មានលិខិតឆ្លងដែន ក៏ដូចជាឯកសារពាក់ព័ន្ធអ្វីទាំងអស់ ។ ក្រោយការឃាត់ខ្លួនភ្លាមៗ ពួកគេ ត្រូវបានបញ្ចូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ រងចាំចាត់ការទៅតាមផ្លូវច្បាប់ នៅពេលក្រោយ ។
ឧត្តមសេនីយ៍អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានសើុបអង្គេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា ចំពោះជនឆ្លងដែនខុសច្បាប់ណាដែលមានតែលិខិតឆ្លងដែន តែជាលក្ខណៈទេសចរណ៍ ហើយគ្មានលិខិតអនុញ្ញាត្តិការងារត្រឹមត្រូវ ជននោះ នឹងត្រូវធ្វើការផាកពិន័យចំនួន ៥០ម៉ឺនរៀលចូលរដ្ឋ រួចរងចាំផុតទិដ្ឋការ ហើយធ្វើការបណ្តេញចេញ ។ ដោយឡែកចំពោះជនដែលគ្មានលិខិតស្នាមអ្វីទាំង អស់នោះ ជាក់ស្តែងដូចនៅពេលនេះ យើង នឹងកសាងនីតិបែបបទស្នើរទៅក្រសួងមហាផ្ទៃសុំធ្វើការបណ្តេញចេញពីកម្ពុជាតែម្តង ៕