![]() |
MENU
|

រាជធានីភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ពុជាបានលើកឡើងថាទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងហុងកុងមានប្រមាណ១,៣ពាន់លានដុល្លារអាមេរិកដែលមានអត្រាកើនឡើង២៣%ក្នុងឆ្នាំ២០១៥បើប្រៀបធៀបនឹងឆ្នាំកន្លងទៅមានតម្លៃត្រឹមតែ១ពាន់លានដុល្លារអាមេរិក។
កិច្ចប្រជុំលើកទី៦នៃកិច្ចប្រជុំគណៈកម្មាធិការចរចាពាណិជ្ជកម្ម ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង (AHKFTA-TNC) និងកិច្ចប្រជុំក្រុមការងារពាក់ព័ន្ធ ត្រូវបាន និងប្រព្រឹត្តទៅពីថ្ងៃទី៧ ដល់ ១១ ខែមីនា ឆ្នាំ២០១៦ នៅសណ្ឋាគារអប្សរាផាឡេសរីសត ទីក្រុងសៀមរាបព្រះរាជាណាចក្រកម្ពុជា។
ក្រសួងពាណិជ្ជកម្មបានលើកឡើងថា៖រវាងកម្ពុជា និងហុងកុងនៅតែមានភាពរឹងមាំ ដោយយោងតាមទិន្នន័យរបស់ មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ពាណិជ្ជកម្មរវាងកម្ពុជា និងហុងកុងនៅក្នុងឆ្នាំ២០១៥ មានតម្លៃប្រមាណ ១,៣ ពាន់លានដុល្លារអាមេរិក ដែលមានកំណើនក្នុងអត្រា ២៣% ធៀបនឹងឆ្នាំកន្លងទៅ ដែលមានតម្លៃត្រឹមតែ ១ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។
គណៈកម្មការពាណិជ្ជកម្មអាស៊ាន,ហុងកុងបង្ហាញថា ពាណិជ្ជកម្មរវាងហុងកុង ជាមួយអាស៊ាននៅឆ្នាំ២០១៤ មានតម្លៃប្រមាណ១០៥ ពាន់លានដុល្លារសហរដ្ឋអាមេរិក បានកើនឡើងក្នុងអត្រា៩.៨% ធៀបនឹងឆ្នាំ២០១៣ដែលមានតម្លៃត្រឹម ៩៦ ពាន់លានដុល្លារសហរដ្ឋអាមេរិក។
ឯកឧត្តមវ៉េង សុធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជាតំណាងឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៃរាជរដ្ឋាភិបាកម្ពុជា បានចូលរួមជាកិត្តិយសថ្លែងសុន្ទរកថាស្វាគមន៍ក្នុងឱកាសនៃការបើកកិច្ចប្រជុំនេះ។
កិច្ចប្រជុំត្រូវបាននិងកំពុងដឹកនាំដោយលោក រ៉នណារ៉ុង ភូលពីផាត អគ្គនាយករងនៃក្រសួងពាណិជ្ជកម្មថៃនិងលោកស្រី វីងគី សូ អគ្គនាយករងពាណិជ្ជកម្មនិងឧស្សាហកម្មទីក្រុងហុងកុងនៃសាធារណរដ្ឋប្រជាមានិតុចិន ព្រមទាំងមានការចូលរួមដោយគណៈប្រតិភូមិកពីបណ្តាប្រទេសជាសមាជិកអាស៊ានទាំង១០ ពីលេខាធិការដ្ឋានអាស៊ាន និងទីក្រុងហុងកុង ប្រមាណជាង ៣០០ រូប។
ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងអាស៊ាន និងហុងកុងមានការកើនឡើងគួរឲ្យកត់សម្គាល់។ យោងតាមទិន្នន័យរបស់នាយកដ្ឋានជំរឿននិងស្ថិតិហុងកុង បានបង្ហាញថា ពាណិជ្ជកម្មរវាងហុងកុង ជាមួយអាស៊ាននៅឆ្នាំ២០១៤ មានតម្លៃប្រមាណ ១០៥ ពាន់លានដុល្លារសហរដ្ឋអាមេរិក បានកើនឡើងក្នុងអត្រា៩.៨% ធៀបនឹងឆ្នាំ២០១៣ដែលមានតម្លៃត្រឹម ៩៦ ពាន់លានដុល្លារសហរដ្ឋអាមេរិក។ការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន និងហុងកុង នឹងអាចឲ្យអាស៊ានទទួលបានអត្ថប្រយោជន៍ជាច្រើនពីពាណិជ្ជកម្មសេវា និងការវិនិយោគ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន និងហុងកុង មានសារៈសំខាន់មិនត្រឹមតែធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងសេដ្ឋកិច្ចរវាងអាស៊ាន និងហុងកុងប៉ុណ្ណោះទេ តែវាក៏បានរួមចំណែកក្នុងការបង្កើននូវការតភ្ជាប់សេដ្ឋកិច្ចរវាងអាស៊ាននិងប្រទេសចិនផងដែរដោយហេតុថាទីក្រុងហុងកុង គឺជាច្រកយ៉ាងសំខាន់មួយ សម្រាប់ភាពរីកចម្រើននៃពាណិជ្ជកម្មអាស៊ានជាមួយចិននិងពាណិជ្ជកម្មជាមួយហុងកុង។
ការរៀបចំបង្កើតនូវកិច្ចព្រមព្រៀងនេះ គឺជាវេទិកាមួយសម្រាប់ឲ្យអាស៊ាន និងហុងកុងធ្វើការយ៉ាងជិតស្និតជាមួយគ្នា ដើម្បីអត្ថប្រយោជន៍ទៅវិញទៅមកក្នុងវិស័យនានាជាពិសេសការបង្កើននូវសង្វាក់ផ្គត់ផ្គង់ផលិតកម្មឧស្សាហកម្ម ។
ដោយអាស៊ានកំពុងធ្វើការឆ្ពោះទៅរកការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដ៏ទូលំទូលាយនៅពេលអនាគត នៅក្រោមផែនការមេស្តីពីការតភ្ជាប់អាស៊ានយើងរំពឹងថា វានឹងជាសក្តានុពលមួយសម្រាប់ការបង្កើតនូវឱកាស វិនិយោគរវាងប្រទេសចិន ហុងកុង និងអាស៊ាន។ ជាមួយគ្នានេះ ដោយសារហុងកុងគឺជាសមាជិករបស់ធនាគារអភិវឌ្ឍន៍អាស៊ី ហុងកុងអាចចូលរួមវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ដែលបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ហុងកុងចូលរួមដំណើរការសមាហរណកម្មរបស់អាស៊ាន។
ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍនៅក្នុងអាស៊ាន កម្ពុជាមានបំណង ធ្វើឲ្យសេដ្ឋកិច្ចរបស់ខ្លួន ឲ្យកាន់តែមានការអភិវឌ្ឍ និងរីកចម្រើនថែមទៀត ហេតុនេះកម្ពុជាចាំបាច់ត្រូវផ្លាស់ប្តូរពីឧស្សាហកម្មដែលពឹងផ្អែកលើថ្លៃកម្លាំងពលកម្មថោក ដើម្បីជំរុញបង្កើនផលិតភាព និងប្រសិទ្ធភាពឲ្យកាន់តែប្រសើរ តាម រយៈការបង្កើនកម្រិតពលកម្មជំនាញរបស់ខ្លួន។ បំលាស់ប្តូរនេះនឹងជួយដល់ការលុបបំបាត់ភាពតានតឹង និងវិសមភាពក្នុងសង្គម។ ម្យ៉ាងទៀត ដោយហុងកុងជាទីក្រុង ដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍មួយ នៅក្នុងតំបន់អាស៊ី ជាពិសេសខាងផ្នែកអប់រំ និងចំណេះដឹង ដូច្នេះ ហុងកុងអាចនឹងដើរតួយ៉ាងសំខាន់ក្នុងការជួយដល់ប្រទេសជាសមាជិកអាស៊ានក្នុងដំណើរការផ្លាស់ប្តូរនេះ។
កិច្ចប្រជុំនេះបានកត់សម្គាល់ និងបានកោតសរសើចំពោះភាពជឿនលឿននៃកិច្ចចរចារ របស់ក្រុមការងារពាក់ព័ន្ធ រួមមាន ក្រុមការងារពាណិជ្ជកម្មទំនិញ ក្រុមការងារពាណិជ្ជកម្មសេវាកម្ម ក្រុមការងារ វិនិយោគ ក្រុមការងារវិធានប្រភពដើមទំនិញ ក្រុមការងារស្តង់ដារ បទបញ្ញត្តិបច្ចេកទេស និងអនុលោមភាព ក្រុមការងារវិធានអនាម័យ និងភូតគាមអនាម័យ ក្រុមការងារនីតិវិធីគយ និងសម្រួលពាណិជ្ជកម្ម និងក្រុមការងារបញ្ហាច្បាប់ និងស្ថាប័ន ។
កិច្ចប្រជុំបានបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញារបស់ខ្លួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នៅក្នុងគោលដៅធ្វើឲ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងសេដ្ឋកិច្ចរវាងអាស៊ាន និងហុងកុង។ អាស្រ័យហេតុនេះ មន្ត្រីអាស៊ាន និងហុកុង បានបង្ហាញនៅឆន្ទៈជាថ្មីរបស់ខ្លួន ដើម្បីបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-ហុងកុង នៅចុងឆ្នាំ២០១៦។ កិច្ចប្រជុំប្រជុំគណៈកម្មាធិការចរចាពាណិជ្ជកម្មអាស៊ាន-ហុងកុង លើកដំបូងបានប្រព្រឹត្តទៅពីថ្ងៃទី១០-១១ ខែកក្កដា ឆ្នាំ២០១៤ នៅហុងកុង ប្រទេសចិន។


