រាជធានីភ្នំពេញ៖ លោក ណយ ផាន់ណា អគ្គលេខាសហព័ន្ធកីឡាកាយសម្ព័ន្ធ បានដាក់ចេញផែនការក្រោមការដឹកនាំរបស់លោកបណ្ឌិត ថោង ខុន ដោយត្រូវពង្រឹងនូវគ្រឹះឲ្យរឹងមាំរបស់អត្តពលិកនីមួយៗទៅតាមផែនការអភិវឌ្ឍក្នុងទិសដៅឆ្ពោះទៅឆ្នាំ ២០២៣កម្ពុជាធ្វើជាម្ចាស់ផ្ទះ។
អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានបង្ហើបថា ដើម្បីបញ្ជ្រាបចំណេះដឹងកាន់តែស៊ីជម្រៅក្នុងវិស័យកីឡាជំនាញមួយនេះ ដល់គ្រូបង្វឹកកីឡាករ កីឡាការិនី ថ្នាលនៅមូលដ្ឋាននោះគោលបំណងចង់ពង្រឹងគ្រឹះឲ្យរឹងមាំតាមផែនការអភិវឌ្ឍន៏ឆ្ពោះទៅដណ្តើមមេដាយពីព្រឹត្តិការណ៍កីឡាអន្តរជាតិនានាដែលសហព័ន្ធបានដាក់ចុះនាពេលកន្លងទៅ។
លោក ណយ ផាន់ណា បានបន្តថា “យុទ្ធនាការផ្សព្វផ្សាយទាំងនេះ ធ្វើឡើងដោយយោងតាមផែនការមេរបស់សហព័ន្ធ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំយុវជន និងកីឡា គឺសហព័ន្ធនីមួយៗត្រូវតែរៀបចំសិក្ខាសាលាឲ្យបានយ៉ាងតិច២ទៅ៣ដងក្នុង១ឆ្នាំៗ ជាការបញ្ជ្រាបចំណេះដឹង ជូនដល់ប្រជាជននៅតាមតំបន់ដែលមានក្លិបស្រាប់ឲ្យពួកគាត់ជ្រាបច្បាស់ពីសក្តានុពលវិស័យកីឡាកាយសម្ព័ន្ធពិសេសគ្រូបង្វឹក យុវជន និងពលរដ្ឋធម្មតាក៏អាចហាត់កីឡាកាយសម្ព័ន្ធសម្រាប់សុខភាពបានដែរ”។
លោកអគ្គលេខាធិការបានបន្ថែមថា គ្រោងធ្វើនាឆ្នាំនេះ ក្នុងបរិវេណសាលាលេខ៥ ខេត្តកំពង់ឆ្នាំង រួមទាំង ខេត្តផ្សេងទៀត ដើម្បីផ្តល់ចំណេះដឹងដល់គ្រូថ្នាក់មូលដ្ឋានទាំងអស់ អំពីអ្វីទៅ មូលដ្ឋានគ្រឹះនៃជំនាញកីឡាកាយសម្ព័ន្ធ រួមនឹងកម្រិតបច្ចេកទេសនានាសម្រាប់បង្ហាត់របស់គ្រូដល់កីឡាករ កីឡាការិនីថ្នាល នៅថ្នាក់មូលដ្ឋាន ដើម្បីបង្កើនគុណភាពនាថ្ងៃអនាគត ៕ដោយ បូរិន