ខេត្តក្រចេះ៖ ជនរងគ្រោះ ជាសមាជិកអតីតយុទ្ឋជន មានពិការជើងម្ខាង បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ខណៈដែលជនរងគ្រោះកំពុងជិះម៉ូតូនិងក៏ត្រូវរថយន្តសាំយ៉ុងបើកបុក។នគរបាលស្រុកសំបូរបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្តសាំយ៉ុង បើកបុកម៉ូតូជនពិការរហូតស្លាប់នេះត្រូវបាននគរបាលចរាចរណ៍ស្រុកសំបូរឲ្យដឹងថា បានកើតឡើងនៅថ្ងៃទី១៥ ឧសភា នៅលើផ្លូវជាតិលេខ៧ ស្ថិតនៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្ត។
អធិការរងនគរបាលស្រុកសំបូរទទួលចរាចរណ៍លោកវរសេនីត្រី នួន សារិន បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះគឺបណ្តាលមកពីកត្តាល្បឿន របស់រថយន្តសាំយ៉ុងខណៈដែលបើកវ៉ាចែងរថយន្តមួយគ្រឿងទៀតក៏ជ្រុលទៅបុកនិងម៉ូតូបុរសរងគ្រោះជាជនពិការជើង ដែលកំពុងតែជិះឆ្លងផ្លូវ។
លោកអធិការងបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ប៉ោ ផង់ អាយុ59ឆ្នាំជាសមាជិកអតីតយុទ្ធជន(ជនពិកា) រស់នៅចំនុចកើតហេតុ ដោយបានរងការបុកពីរយន្តពេញទំហឹងបាក់.ក បែកក្បាលស្លាប់នៅលើចិញ្ចើមផ្លូវជាតិទាំងស្ថិតក្នុងសម្លៀកបំពាក់ឯកសណ្ឋានយោធា។ចំនែកឯរថយន្តបង្កហេតុ ជាប្រភេទរថយន្តសាំយ៉ុងដឹកអ្នកដំណើរ បន្ទាប់ពីបានបុកត្រូវជនរងគ្រោះ រថយន្តនេះក៏បានជ្រុលទៅបុកនិងតៀមលក់គ្រឿងទេសនៅចិញ្ចើមផ្លូវ បណ្តាលឲ្យខូចខាត ហើយទៅមុខលែងរួច។
លោកអធិការរងបញ្ជាក់ទៀតថា បន្ទាប់ពីបង្កហេតុការណ៍រួច អ្នកបើករថយន្តបានរត់គេចខ្លួនបន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុនិងក៏ត្រូវបាននគរបាលនាំមករក្សាទុកដើម្បីដោះស្រាយតាមនិតិវិធីបន្ត។ ចំណែកសាកសពជនរងគ្រោះកម្លាំងនគរបាលប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕