MENU
|
រាជធានីភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញនាល្ងាចថ្ងៃទី២១មេសាឆ្នាំ ២០១៧បាន សម្រេចឃុំខ្លួនចោរលួចទាក់ឆ្កែម្នាក់ដាក់ពន្ធនាគារបណ្ដោះអាសន្នក្រោមការចោទប្រកាន់ពីបទបើកបរធ្វេសប្រហែសបណ្ដាលអោយស្លាប់អ្នកដទៃដោយអចេតនា ។
ជនសង្ស័យដែលតុលាការឃុំខ្លួននេះឈ្មោះ កែវ រ៉ានី ភេទប្រុសអាយុ២៧ឆ្នាំ ស្នាក់នៅភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។រីឯបក្ខពួកគេម្នាក់ទៀតដែលជិះខាងក្រោយបានរត់គេចខ្លួនបាត់។
ឈ្មោះកែវ រ៉ានី ត្រូវបាននគរបាលចរាចរណ៍ផ្លូវគោកចាប់បញ្ជូនមកតុលាការកាលពីព្រឹកថ្ងៃទី ២០ មេសា ឆ្នាំ ២០១៧ ក្រោយពីជនសង្ស័យបានជិះម៉ូតូដើរទាក់ឆ្កែប្រជាពលរដ្ឋនៅពេលយប់បើកលឿនដូចហោះទៅបុកស្ត្រីចំណាស់ម្នាក់ផ្លោងទៅមុខជាង ១០ ម៉ែត្របណ្តាលឱ្យរងរបួសធ្ងន់ធ្ងរហើយបានស្លាប់ខណៈពេលបញ្ជូនដល់មន្ទីរពេទ្យ។
ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង៣០នាទីទៀបភ្លឺថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ស្ថិត តាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ជិន សុខជា ភេទស្រី អាយុ៦២ឆ្នាំ មានទីលំនៅភូមិផ្សារក្រោម ឃុំចុងកោះ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុគេឃើញស្ត្រីរងគ្រោះ បានដើរឆ្លងផ្លូវជាតិលេខ៥ ក្នុងទិសដៅពីកើតទៅលិច។ខណៈពេលដើរឆ្លងផ្លូវជិតផុតហើយស្រាប់តែមានម៉ូតូមួយគ្រឿងជិះគ្នា២នាក់ដឹកសត្វឆ្កែងាប់មួយបាវពេញដាក់លើពូកម៉ូតូបើកបរតាមផ្លូវជាតិលេខ៥ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនដូចហោះ។
លុះមកដល់ចំណុចកើតហេតុបានបុកជនរងគ្រោះយ៉ាងពេញទំហឹងបណ្តាលឱ្យផ្លោងទៅមុខជាង១០ម៉ែត្ររងរបួសធ្ងន់ធ្ងរ ត្រូវបានគេដឹកតាមរថយន្តសាមុយបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យព្រះកេតុមាលា តែអកុសលដោយយសារតែរបួសធ្ងន់ធ្ងរពេកជនរងគ្រោះបានដាច់ខ្យល់ស្លាប់ខណៈពេលបញ្ជូនដល់មន្ទីរពេទ្យ។