MENU
|
ខេត្តក្រចេះ៖ មន្រ្តីអធិការនគរបាលស្រុកស្នួលលោកវរសេនីយ៍ទោ ចាន់ សុគីម បានឲ្យដឹងថា មនុស្សស្លាប់ម្នាក់របួសធ្ងន់ស្រាល៨ នាក់ ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍ កាលពីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ នៅចំណុចចន្លោះបង្គោល គីឡូម៉ែត្រ ១១៥ ផ្លូវជាតិលេខ៧៦A ស្ថិតក្នុងភូមិគ្រញូងសែនជ័យ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ។
លោកអធិការបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង រវាងរថយន្ត បុករថយន្ត ក្នុងទិសដៅបញ្ច្រាស់ទិសគ្នាពីលិចទៅកើត បណ្តាលឲ្យជនរងគ្រោះ ឈ្មោះ រស់ សុផា ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិរោងស្នោ ឃុំរមាហែក ស្រុករមាហែក ខេត្តស្វាយរៀង បានស្លាប់នៅកន្លែងកើតហេតុ និង មនុស្សប្រុសស្រី ៨នាក់ ផ្សេងទៀតរងរបួសធ្ងន់ស្រាល ។
លោកអធិការបន្តថា រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយពណ៍ខៀវ ពាក់ស្លាកលេខកំពង់ចាម 3A.0419 បើកបរដោយឈ្មោះ អោក ហាក់ ភេទប្រុស ២៣ឆ្នាំ រងរបួសធ្ងន់មានទីលំនៅភូមិព្រែក ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានបុកជាមួយរថយន្តម៉ាកតាគូម៉ា ពណ៍បៃតងចាស់ ពាក់ស្លាកលេខ ភ្នំពេញ 2V.6120 បើកបរដោយឈ្មោះ គា សុភា ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិត្រពាំងហិត ឃុំដូនតឹង ស្រុកកំចាយមារ ខេត្តព្រៃវែង របួសធ្ងន់ ។
លោកអធិការបញ្ជាក់ទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះ គឺមូលហេតុដោយសារតែរថយន្តដែលបង្កម៉ាកហុីយ៉ាន់ដាយបើកជែងគ្នា ក្នុងស្ថានភាពផ្លូវមានគ្រោះថ្នាក់ (ផ្លូវកោង)។
លោកអធិការបញ្ជាក់ថា ចំពោះអ្នករងរបួសត្រូវបានបញ្ជូនទៅសង្រោះនៅមន្ទីរពេទ្យ រីឯវត្ថុតាងរថយន្តទាំងពីរគ្រឿង កម្លាំងជំនាញនាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីបន្តទៅតាមនិតិវិធី ។
ចំណែកសាកសព ត្រូវបានសមត្ថកិច្ចយើងធ្វើការប្រគល់ជូនក្រុមគ្រួសារ និងសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕