ប្រទេសថៃ ៖ ពលករខ្មែរចំនួនពីរនាក់ បានស្លាប់យ៉ាងអាណោចអាធ័មជាទីបំផុតស្ទើរតែមើលសព សឹងមិនយល់ ខណៈដែលពួកគេទាំងពីរនាក់កំពុងធ្វើការផ្នែកជាងឈើនៅជាន់ទី៣៩ នៃអាគារកសាងនៅក្នុងប្រទេសថៃហើយបានភ្លាត់ជើងធ្លាក់មកដីទាំងពីរនាក់ព្រមគ្នាតែម្តង ។
យោងតាមការផ្សាយព័ត៌មានរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៨ថៃ បានអោយដឹងថា មានករណីមនុស្សធ្លាក់ពីលើអាគារជាន់ទី៣៩ នៃទីតាំងខនដូមីនៀម មួយកន្លែង ក្នុងស្រុកបាងយ៉ៃ
ខេត្តណុនថៈ បុរី ប្រទេសថៃ ដែលសពជនរងគ្រោះទាំងពីរនាក់សឹងតែមើលមិនយល់ដោយសារតែសាច់ និងឆ្អឹងមានការបាក់បែកខ្ទេចខ្ទីនៅក្នុងខោអាវខៅប៊យ ។
តាមការអះអាងពីអ្នកម៉ៅការសាងសង់អាគារខនដូរនេះបាននិយាយថា នៅមុនពេលកើតហេតុគែជនរងគ្រោះទាំងពីរ ដែលមាននាទីជាជាងឈើ បានឡើងទៅធ្វើការនៅជាន់ទី៣៩ ដើម្បីតុបតែងផ្ទៃក្នុងដែលធ្វើឡើងអំពីឈើ ប៉ុន្តែគេមិនបានដឹងថា
បណ្តាលមកពីមូលហេតុអ្វីនោះទេ ដែលធ្វើអោយពួកគេទាំងពីរនាក់ធ្លាក់មកដល់ដីនៅជាន់ខាងក្រោមបែបនេះ ។
ពួកគេទាំងពីនាក់ គឺជាពលករមកពីប្រទេសកម្ពុជា ដែលមានឈ្មោះ ភឿន សុិននិងឈ្មោះ មូល កុសល ភេទប្រុស និងមានអាយុ២២ឆ្នាំដូចគ្នា ដោយពួកគេបានមកធ្វើការក្នុងនាទីជាជាងឈើ នៅក្នុងទីតាំងនេះយូរមកហើយ ។
ក្រោយពេលកើតហេតុ កំម្លាំងតម្រួតបានចុះទៅពិនិត្យលើទីតាំងកើតហេតុ ដើម្បីរកមូលហេតុនៃការធ្លាក់របស់ពលករកម្ពុជាទាំងពីររូបនេះ ដោយបច្ចុប្បន្នសពពលករទាំងពីរនាក់ ត្រូវបានរៀបចំចាត់ចែងតាមផ្លូវច្បាប់ ដើម្បីធ្វើការបញ្ជូនមកកាន់ស្រុកកំណើតរបស់គេវិញ ៕