រាជធានីភ្នំពេញ៖ បុរសម្នាក់បើករថយន្ដតាក់សុីមួយគ្រឿងមិនប្រយ័ត្នជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលអោយបាក់អស់ចំនួនបីកង់ចំណែករថយន្ដដាក់កាឡេកង់ខាងមុខផ្នែកខាងឆ្វេងទៅមុខលែងរួច។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង២២និង៣០នាទីយប់ថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៧ នៅខាងមុខឈៀងខាងជើងភោជនីដ្ឋាន ម៉ុងឌីយ៉ាល់ តាមបណ្ដោយមហាវិថីម៉ៅស៊ីទង់ ស្ថិតក្នុងសង្កាត់ផ្សាដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
រថយន្ដបង្កជារថយន្ដតាក់ស៊ី ម៉ាកកាមរីឆ្លាម ពណ៍ស្ករ ឆ្នូតលឿន ពាក់ស្លាកលេខភ្នំពេញ2A-6965 បើកបរដោយបុរសម្នាក់គេចខ្លួនបាត់។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដបង្កធ្វើដំណើរតាមបណ្ដោយមហាវិថីម៉ៅស៊ីទង់ តងិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនពេលមកដល់ចំណុចកើតហេតុដោយស្ថានភាពផ្លូវមានភាពងងឹតក៏បុករបាំងថ្មពុះចែកទ្រួងផ្លូវពេញទំហឹងបណ្ដាលអោយរបាំងថ្មបាក់អស់ចំនួនបីកង់ចំណែករថយន្ដដាច់កាឡេកង់ខាងមុខបន្តដំណើរទៅមុខលែងរួចតែមិនបណ្ដាលអោយអ្នកបើករថយន្ដរងរបួសនោះទេ។
ប្រភពបានបន្តថា ក្រោយពីកើតហេតុអ្នកបើកបររថយន្ដបានចុះពីរថយន្ដហើយគេចខ្លួនបាត់ស្រមោលដោយបន្សល់រថយន្ដទុកនៅកន្លែងកើតហេតុ។ ក្រោយមកទើបកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកើតហេតុនិងបានទំនាក់ទំនងជាមួយកម្លាំងជំនាញចុះធ្វើការវាស់វែងស្ទួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញដើម្បីដោះស្រាយតាមផ្លូវច្បាប់។
គួរបញ្ជាក់ថា នៅតាមបណ្ដោយមហាវិថីម៉ៅស៊ីទង់ចាប់ពីភ្លើងស្តុបផ្សាដើមគររហូតដល់ភ្លើងស្តុបទេពផន គឺស្ថានភាពផ្លូវមានភាពងងឹតដោយមិនមានភ្លើងបំភ្លឺផ្លូវនោះទេ ហើយរបាំងថ្មពុះចែកទ្រូងផ្លូវចាស់ៗមួយចំនួនគឺសាលារាជធានីភ្នំពេញបានលើកចេញដោយគ្រោងនឹងដាក់របាំងថ្មថ្មីឡើងវិញ តែមានកន្លែងខ្លះគឺរបាំងថ្មទាំងនោះមិនទាន់យកចេញអស់នៅឡើយទេ ថែមទាំងមិនមានស្លាកសញ្ញាឬចំណាំងផ្លាតអ្វីទាំងអស់ជាហេតុងាយនឹងបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរផងដែរ៕