![]() |
MENU
|

ខេត្តក្រចេះ ៖ នគរបាលស្រុកសំបូរបានសន្និដ្ឋាបនថា ការបាត់ខ្លួនរបស់បុរសជាអ្នកនេសាទនិងកូនប្រុសអាយុ៤ឆ្នាំម្នាក់ពិតជាត្រូវលង់ទឹកទន្លេស្លាប់ ដោយការបាត់ខ្លួននេះអ្នកភូមិ និងនគរបាលបានចុះធ្វើការរកតាមដងទន្លេដោយប្រើប្រាស់ទូកម៉ាស៊ីនជាច្រើនគ្រឿង ទើបរកឃើញសាកសពអណ្តែតទឹកជាបន្តបន្ទាប់។
នគរបាលស្រុកសំបូរបានឲ្យដឹងថាសាកសពរបស់បុរសជាឪពុកឈ្មោះ ណូយ សុផា អាយុ៣៨ឆ្នាំ រស់នៅភូមិចារថ្នោល ឃុំសំបូរ ស្រុកសំបូរ ត្រូវបានគេប្រទះឃើញសាកសព អណ្តែតទឹកនៅល្ងាចថ្ងៃទី៥ ខែមករា រីឯសាកសពកូនប្រុសអាយុ៤ឆ្នាំ ត្រូវបានគេប្រទះឃើញសាកសពអណ្តែតទឹកមុននេះ២ថ្ងៃ ។
អធិការរងនគរបាលស្រុកសំបូរ លោកវរសេនីយ៍ត្រី ណយ ស៊ីថាច បានឲ្យដឹងថា ជនរងគ្រោះពីរនាក់ឪពុក និងកូន បានបាត់ខ្លួនកាលពីថ្ងៃទី២ មករា និងបានបង្កឲ្យមានការភា្ញក់ផ្អើលដល់អ្នកភូមិ ក៏ដូចសមត្ថកិច្ច ក្រោយពីបុរសរូបនេះ បាននាំកូនប្រុសអាយុ៤ឆ្នាំម្នាក់ទៅសាមង នៅកន្ទុយកោះសំ ក៏បាត់ដំណឹងឃើញតែទូកអណ្តែតទឹក។
លោកអធិការរងបានបញ្ជាក់ថា បន្ទាប់ពីការបាត់ខ្លួនជនរងគ្រោះទាំងពីរ នគរបាលក៏ដូចជាអ្នកភូមិបានសន្និដ្ឋានថា៖ អុនកទាំងពីរនាក់អាចជួបហេតុការណ៍លង់ទឹកទន្លេស្លាប់ដោយប្រការណាមួយ។ ព្រោះនៅគ្រប់ច្រកល្ហក នៅលើកោះ និងនៅលើគោក ត្រូវបានធ្វើការរុករកតែមិនត្រូវបានប្រទះឃើញ។
មូលហេតុការលង់ទឹកស្លាប់របស់ជនរងគ្រោះពីរនាក់ឪពុក និងកូន ក៏ត្រូវបានគេសន្និដ្ឋានថា៖ ទំនងកូនតូចធ្លាក់ទឹក ហើយបុរសជាឪពុកបានចុះទៅតាម ទើបបណ្តាលឲ្យលង់ស្លាប់ទាំងពីរនាក់ ព្រោះតំបន់កន្ទុយកោះដែលពួកគេបានទៅសាមងនោះ ទឹកទន្លេមានសភាពហូរខ្លាំង និងមានវិសាលភាពល្វឹងល្វើយ។
អ្នកភូមិនិយាយថា មូលហេតុដែលបុរសរូបនេះ ចេញទៅធ្វើនេសាទនៅវេលាទាបភ្លឺ និងបានយកកូនតូចទៅជាមួយរហូតជួបគ្រោះអកុលសបែបនេះ ក៏ដោយសារតែកូនយំតាម ខណៈដែលបុរសរងគ្រោះសព្វថ្ងៃរស់នៅតែពីនាក់ឪពុក និងកូន ប្រកបរបរនេសាទ ដើម្បីចិញ្ចឹមឆ្នាំងព្រោះស្ត្រីជាប្រពន្ធមានមុខរបរជាអ្នកបំរើការងារនៅកាស៊ីណូ ក្រុងបាវិត។
គួបញ្ជាក់ថាក្រោយការរកឃើញសាសពឪពុកកូនទាំងពីរ លោកឧត្តមសេនីយ៍ លន់ សុផាត ស្នងការនគរបាលខេត្ត បានចាត់ឲ្យមន្ត្រីនគរបាលជាច្រើននាក់បន្តការរុករកឲ្យអស់លទ្ធភាពដោយផ្តល់នូវប្រេងសាំង១០០លីត្រនិងថវិកា៥០ម៉ឺនរៀល និងផ្តល់នូវអំណោយជាគ្រឿងឧបភោគបរិភោគមួយចំនួន និងថវិកា២លានរៀល ដល់ក្រុមគ្រួសារ សាច់ញាតិបុរសរងគ្រោះសំរាប់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានក្រោយពីរកឃើញសាសពជាបន្តបន្ទាប់៕


