MENU
|
ខេត្តក្រចេះ៖ ប៉ូលិសបាននិយាយថាសាកសពក្មេងប្រុសវ័យជំទង់ជាសិស្សសាលាបីនាក់ដែលបានជួបហេតុការណ៍លង់ទឹកទន្លេស្លាប់ខណះដែលពួកគេបាននាំគ្នាទៅងូត ទឹកលេងនៅឆ្នេរខ្សាច់កោះទ្រង់ ត្រូវបាននគរបាលនិងសាច់ញាតិចុះមុជរាវរក និងស្រងចេញពីទឹកទន្លេជាបន្តបន្ទាប់ ក្រោយកើតហេតុមួយថ្ងៃ។
ការលង់ទឹកទន្លេស្លាប់របស់យុវជនរងគ្រោះ ជាសិស្សសាលាទាំងបីនាក់ បានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ និងនគរបាលកាលពីព្រលប់ ថ្ងៃទី២៩ ធ្នូ ក្រោយពីពួកគេទាំងបីនាក់ និងមិត្តភក្កិមួយចំនួនទៀត បាននាំគ្នា ជិះទូកដឆ្លងទៅលេងទឹកនៅឆ្នេរខ្សាច់កោះទ្រង់ ក្នុងសង្កាត់កោះទ្រង់ នៅទល់ មុខទីប្រជុំជនខេត្ត តែមិនបានឃើញត្រឡប់មកវិញ។
បើតាមនគរបាលក្រុងក្រចេះបានឲ្យដឹងថា យុវជនរងគ្រោះជាសិស្ស ទាំងបីនាក់ជាមិត្តភក្កិនិងគ្នាមានម្នាក់ឈ្មោះ គង់ វាសានា អាយុ១៥ឆ្នាំ ទឈ្មោះ ផុន សុធារាជ អាយុ១៤ឆ្នាំ ជនរងគ្រោះទាំងពីររស់នៅសង្កាត់ អូរឬស្សី ក្រុងក្រចេះ និងទី៣.ឈ្មោះ វុធ លីហេង អាយុ១៥ឆ្នាំ មានទីលំនៅ សង្កាត់ក្រចេះ ក្រុងក្រចេះ។
សេចក្តីរាយការណ៍ឲ្យដឹងថា កាលពីរសៀលថ្ងៃទី២៩ ខែធ្នូ យុវជនរង គ្រោះនិងគ្នីគ្នាជាច្រើននាក់បាននាំគ្នាឆ្លងទូកទៅងូតទឹកលេងនៅលើឆ្នេរខ្សាច់ កោះទ្រង់ ។ រហូតទល់ប្រលប់ថ្ងៃដដែល គេមិនបានឃើញយុវជនទាំងបីនាក់ ត្រលប់មកយកម៉ូតូវិញ ទើបបង្កឲ្យមានការភ្ញាក់ផ្អើល។
អធិការនគរបាលក្រុងក្រចេះលោកវរសេនីយ៍ទោនេត លីន បានឲ្យដឹងថា បន្ទាប់ពីមានការភ្ញាក់ផ្អើល ពីការបាត់ក្មេងប្រុសវ័យជំទង់ទាំងបីនាក់នេះ នគរបាលនិងសាច់ញាតិបានដើររក និងក៏បានប្រទះឃើញកាបូបស្ពាយដាក់ សៀវភៅ និងសម្លៀកបំពាក់របស់ពួកគេទាំងបីនាក់ នៅចោលនិងឆ្នេរខ្សាច់។ ទើបនគរបាលកំណត់ថា ពួកគេទាំងបីពិតជាជួបហេតុការណ៍លង់ទឹកទន្លេ។
ក្នុងស្ថានការចុះរាវរកសាកសពក្រុមក្មេងប្រុសជំទង់ទាំងបីនាក់ ត្រូវបាន ធ្វើឡើងយ៉ាងស្រស្រាក់ស្រស្រាំពីកម្លាំងនគរបាលជាច្រើននាក់នៅថ្ងៃទី៣០ ខែធ្នូ បន្ទាប់ពីលោកឧត្តមសេនីយ៍លន់ សុផាត ស្នងការនគរបាលខេត្ត បាន ដាក់បទបញ្ជាឲ្យនគរបាលកបន្ថែមកម្លាំងវិធានការរុករកឲ្យអស់លទ្ឋភាព។
លោកវរសេនីយ៍ទោ នេត លីន បានបញ្ជាក់ថាសាកសពរបស់ពួកគគេ ទាំងបីនាក់ត្រូវបានរកឃើញ និងស្រង់ចេញពីទឹកបានជាបន្តបន្ទាប់នៅក្បែរ និងកន្លែងកើតហេតុនៅថ្ងៃទី៣០ ខែធ្នុ ក្រោយកើតហេតុមួយយប់រួចមក។
គួរបញ្ជាក់ថា ទីតាំងឆ្នេរខ្សាច់កោះទ្រង់ត្រូវបានសហគមន៍ទេសចរណ៍ កោះទ្រង់បង្កើតជាតំបន់អេកូទេសចរណ៍ សម្រាប់ភ្ញៀវទេចរណ៍ជាតិទៅ ងូតទឹកលេងនៅក្នុងរដូវទឹកសម្រក។ ហើយជារៀងរាល់ឆ្នាំ ក្នុងរដូវទឹកសម្រក មាន ភ្ញៀវទេសចរណ៍ជាតិរាប់ពាន់នាក់ក្នុងមួយថ្ងៃៗបាននាំគ្នាជិះដឆ្លងទៅ ងូតទឹកលេងនៅតំបន់ឆ្នេរខ្សាច់នោះ។
ពាក់ព័ន្ឋនិងហេតុការណ៍យុវជនវ័យជំទង់លង់ទឹកស្លាប់ទាំងបីនាក់យ៉ាង រន្ឋត់នេះ លោក រុន ភារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្ត បានបញ្ជាក់ថា ទីតាំង ទេសចរណ៍សហគមន៍កោះទ្រង់ គឺអាជ្ញាធរមិនទាន់បានកំណត់ឲ្យទៅលេង នៅឡើយទេ។ ហើយតំបន់ដែលពួកគេទៅងូតទឹកលេងនិងបានជួបហេតុ ការណ៍លង់ស្លាប់នោះគឺមិននៅក្នុងដែនកំណត់របស់សហគមន៍នោះទេ។
ជាមួយនិងឧប្បត្តិហេតុយ៉ាងរន្ឋត់នេះ ពលរដ្ឋបានធ្វើការចោទប្រកាន់ ទៅលើការធ្វើអាជីវកម្មបូមខ្សាច់ទ្រង់ទ្រាយធំមួយក្នុងខេត្ត ដែលកំពុងតែ ធ្វើអាជីវកម្មបូមយ៉ាងសកម្មជារៀងរាល់ថ្ងៃ។ ការចោទប្រកាន់នេះធ្វើឡើង ស្របជាមួយនិងការលង់ទឹកស្លាប់របស់ក្មេងប្រុសជំទង់ទាំងបីនាក់នេះ គឺកើត ឡើងនៅក្បែរនិងសាឡង់បូមខ្សាច់របស់ក្រុមឈ្មួញ៕