![]() |
MENU
|

ប្រទេសថៃ ៖ ពលករខ្មែរចំនួនពីរនាក់ ត្រូវបានរថយន្តថៃបុក កាលពីព្រឹកមិញនេះ ដែលបណ្ដាលឲ្យមានម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ រីឯម្នាក់ទៀតក៏ទទួលរងរបួសធ្ងន់ផងដែរខណៈដែលពួកគេបានជិះម៉ូតូនាំគ្នាចេញដំណើរទៅធ្វើការហើយក៏ត្រូវរថយន្តបើករេចង្កូតមកបុកទាំងព្រឹក ។
ហេតុការណ៍នេះគឺបានកើតឡើងនៅវេលាម៉ោង ៦ និង៥០ នាទីព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ លើកំណាត់ផ្លូវបានបឹងត្រង់បង្គោលគីឡូម៉ែត្រលេខ៨៦ ក្នុងឃុំផ្លុងតាអឿម ស្រុកវងច័ន្ទ ខេត្តរៈយ៉ង ប្រទេសថៃ រវាងរថយន្តបាឡែនពណ៌ខ្មៅ ពាក់ស្លាកលេខបាងកក៥៧៦៤ ជាមួយនឹងម៉ូតូ ដែលមានពាក់ស្លាកលេខបាងកក២៥៦៦ ក្នុងទិសដៅស្របគ្នា។
តាមការអះអាងពីប្រភពដែលបានឃើញហេតុការណ៍នេះបាននិយាយថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូរងគ្រោះនោះជិះគ្នាពីរនាក់ដែលពួកគេសុទ្ធសឹងជាកម្មករឆ្លងដែនមកពីប្រទេសកម្ពុជា។ នៅពេលនោះស្រាប់តែមានរថយន្តមួយគ្រឿងបានបើកបរយ៉ាងលឿនក្នុងទិសដៅស្របគ្នាហើយបានរេចង្កូតទៅបុកលើជនរងគ្រោះចំពីក្រោយ បណ្ដាលឲ្យពួកគេទាំងពីរនាក់ប៉ើងទៅធ្លាក់នៅក្នុងប្រឡាយកណ្ដាលផ្លូវភ្លោះ ដោយមានម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុផងដែរ។
នៅពេលនោះដែរ កម្លាំងតម្រួតចរាចរណ៍ក៏បានចុះមកដល់ ដោយបានរៀបចំបញ្ជូនអ្នកដែលរងរបួសទៅកាន់មន្ទីរពេទ្យវាំងច័ន្ទដើម្បីសង្គ្រោះ ដោយឡែកសពពលករខ្មែរដែលស្លាប់នោះក៏ត្រូវបានបញ្ជូនយកទៅរក្សាទុកនៅក្នុងមន្ទីរពេទ្យដែរ ដើម្បីរង់ចាំឲ្យខាងស្ថានទូតកម្ពុជា រៀបចំឯកសារបញ្ជូនទៅកាន់ស្រុកកំណើតនៅកម្ពុជាវិញដោយភ្លាមៗនោះដែរគេមិនទាន់ស្គាល់អំពីអត្តសញ្ញាណរបស់ជនរងគ្រោះទាំងពីរនោះថា តើពួកគេរស់នៅខេត្តណាហើយឈ្មោះអ្វីនោះដែរ ៕


