ទីបំផុត វាពិតជាបានកើតឡើងប្រាកដមែន ដែល Memory Card តូចមួយអាចមានទំហំរហូតដល់ទៅ 1 TB (មួយ តេរ៉ាបៃ ស្មើរប្រហែល មួយពាន់ ជីកាបៃ)។ ក្រុមហ៊ុន SanDisk និងក្រុមហ៊ុនមេឈ្មោះ Western Digital បច្ចុប្បន្ននេះបានបង្ហាញនូវប្រភេទម៉េម៉ូរីកាត ប្រភេទ SDXC Card ដែលកំពុងតែឈានមុខគេក្នុងការបង្កើតប្រវត្តសាស្រ្តថ្មី នៃម៉េម៉ូរីខ្នាតតូច ដែលមានសមត្ថភាពផ្ទុកដ៏មហិមា។
ការប្រកាសនេះត្រូវធ្វើឡើង ១៦ឆ្នាំបន្ទាប់ពី SanDisk បានបង្ហាញនូវម៉េម៉ូរីកាតទំហំ 64 MB ដំបូងគេបង្អស់លើពិភពលោក ដែលបានបំបែកកំណត់ប្រវត្តិសាស្រ្តនាពេលនោះផងដែរ។ មិនដល់ ២ ទស្សវត្សក្រោយមក ពេលនេះយើងអាចពង្រីកម៉េម៉ូរីកាតដែលមានរូបរាង និងទំហំដដែល អោយអាចមានសមត្ថភាពធំជាងមុនជាង ១៦០០០ ដង។
កាលពីឆ្នាំ ២០១៤ SanDisk ក៏បានបំបែកកំណត់ត្រាប្រវត្តិសាស្រ្ត ដោយបានបង្កើតម៉េម៉ូរីកាតទំហំ 512GB ដែលជាទំហំធំជាងគេលើពិភពលោកនាពេលនោះ។
ក្រុមហ៊ុន Western Digital បានបញ្ជាក់ថា ម៉េម៉ូរីកាតថ្មី ទំហំ 1TB នេះ ត្រូវបានបង្កើតឡើងអោយសមស្របទៅតាមការបញ្ចូលគ្នា នូវបច្ចេកវិទ្យាចុងក្រោយដូចជា រូបថតកំរិត Ultra-high-resolution វីឌីអូកំរិត 4K Virtual Reality វីឌីអូប្រភេទ 360 ដឺក្រេ និងវីឌីអូត្រូតពិនិត្យសុវត្ថិភាព។
ពេលនេះ មិនទាន់បានព័ត៌មានច្បាស់ការណាមួយ បញ្ជាក់ថាម៉េម៉ូរីកាតថ្មីនេះ នឹងដាក់បង្ហាញលើទីផ្សារនៅពេលណានោះឡើយ ហើយក៏មិនទាន់ដឹងថានឹងមានតម្លៃប៉ុន្មានដែរ។ គួរបញ្ជាក់ថា ម៉េម៉ូរីកាតដែល SanDisk បានផលិតកាលពីឆ្នាំ ២០១៤ ដែលមានទំហំ 512GB ត្រូវបានដាក់លក់ក្នុងតម្លៃ ៨០០ ដុល្លាអាមេរិក។
ប្រែសម្រួលដោយ៖ សិរីវុធ