រាជធានីភ្នំពេញ៖ អាជ្ញាធរមូលដ្ឋានបាននិយាយថាបុរសជាឪពុកក្មេកបានស្លាប់និងកូនប្រសារបួសខណៈឡើងតអង់តែនទូរទស្សន៍ខុសបច្ចេកទេសបណ្តាលអោយឆ្លងចរន្តភ្លើងឆក់ នៅវេលាម៉ោង១០និង៣០នាទីថ្ងៃ១៨ខែកញ្ញាឆ្នាំ២០១៦ ក្នុងបុរីពិភពថ្មី នៅលើដំបូលផ្ទះលេខ២៨A ផ្លវលេខ០១A ភូមិប្រការ សង្កាត់ព្រៃសរ ខណ្ឌដង្កោ ។
អាជ្ញាធរបានបញ្ជាក់ថាសពជនរងគ្រោះមានឈ្មោះ លី ម៉ារុង ភេទប្រុស អាយុ៦២ឆ្នាំស្នាក់នៅផ្ទះកើតហេតុខាងលើ កូនប្រសាររបួសស្រាល ឈ្មោះប៉ុន គ្រឿន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ បុគ្គលិកអង្គការ ឯកជន ស្នាក់នៅផ្ទះកើតហេតុខាងលើដូចគ្នា ។
សាក្សីបាននិយាយថាមុនពេលកើតហេតុតាមសម្តីប្រពន្ធរបស់ជនរងគ្រោះដែលរងរបួសស្រាលបានអោយដឹងថា នៅមុនពេលកើតហេតុឪពុកនិងប្តីរបស់គាត់បាននាំគ្នាឡើងទៅលើដំបូលផ្ទះ ដើម្បីតអង់តែន ទូរទស្សន៍ ព្រោះអីទូរទស្សន៍របស់គាត់មើលអត់ច្បាស់ ខណៈពេលតែកំពុងតែតនោះមិនដឹងជាយ៉ាងម៉េចនោះទេក៍ស្រាប់តែឆ្លងចរន្តភ្លើងបណ្តាលអោយឆក់ឪពុករបស់គាត់ដួលផ្ងារក្រោយបែកក្បាលហូរឈាមសន្លប់ ហើយប្តីរបស់គាត់ ឆក់ដែរតែរងរបួសស្រាល ។
ស្រី្តដដែលនិយាយភ្លាមៗនោះរូបគាត់បានស្រែកអោយគេឯងជួយ ផ្ដល់ដំណឹងទៅសមត្ថកិច្ច និងរថយន្តសង្គ្រោះអោយមកដឹក ឪពុក និងប្តីរបស់គាត់យកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកដង្កោ តែដោយសាររបួសធ្ងន់ធ្ងរពេក ក៏បញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ខណៈពេលទៅដល់ពេលជនរងគ្រោះ ជាឪពុកបានដាក់ខ្យល់ស្លាប់បាត់ទៅហើយ ។
ក្រោយពេលកើតហេតុ សពជនរងគ្រោះត្រូវបានសមត្ថកិច្ច ជំនាញមកធ្វើកោសល្យវិច័យមើលថា សពនេះពិតជាស្លាប់ដោយសារ តែឆក់ខ្សែភ្លើងពិតប្រាកដ រួចហើយក៍បានប្រគល់សពទៅអោយក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី នៅផ្ទះជនរងគ្រោះផ្ទាល់ ៕