MENU
|
ខេត្តសៀមរាប៖ យ៉ាងហោចណាស់មានក្មេងប្រុសស្រីចំនួន៥នាក់បានលង់ទឹកជម្រៅ៤ម៉ែត្រកន្លះធ្វើឲ្យមានការភ្ញាក់ផ្អើល និងតក់ស្លុតដល់បងប្អូនប្រជាពលរដ្ឋនិងឪពុកម្ដាយក្មេងរងគ្រោះក្នុងនោះបណ្ដាលឲ្យក្មេងចំនួន៣នាក់បានស្លាប់នៅហ្នឹងកន្លែងកើតហេតុ ខណ:ក្មេង២នាក់ទៀតត្រូវបានជួយសង្គ្រោះភ្លាមៗផងដែរ។
ករណីនេះកើតឡើងនៅវេលាម៉ោង១៦ និង៣០នាទីល្ងាច ត្រូវនិងថ្ងៃអាទិត្យទី២១ ខែសីហា ឆ្នាំ២០១៦ នៅត្រង់ចំណុចប្រឡាយទំនប់ចាល់ស្ថិតក្នុងទឹកដីភូមិប្រដាក់ ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ។
លោកវរសេនីយ៍ត្រី ទេព ពុំសែន អធិការនគរបាលស្រុកពួក ដែលបានចុះទៅដល់កន្លែងកើតហេតុបានឲ្យដឹងថាជនរងគ្រោះទាំង០៥នាក់ខាងលើនេះមានឈ្មោះ៖ ទី១-ឈ្មោះ កែវពេជ្រ ចរណៃ ភេទស្រី អាយុ១៦ឆ្នាំ មុខរបរជាសិស្ស (ជួយសង្គ្រោះបាន)។ ទី២-ឈ្មោះ កែវពេជ្រ រង្សី ភេទស្រី អាយុ១៤ឆ្នាំ មុខរបរសិស្ស (ស្លាប់)។ ទី៣-ឈ្មោះ កែវពេជ្រ រក្សា ភេទស្រី អាយុ៨ឆ្នាំ មុខរបរសិស្ស (ស្លាប់)។ ទី៤-ឈ្មោះ កែវពេជ្រ សុវណ្ណបញ្ញា ភេទប្រុស អាយុ៥ឆ្នាំ( រស់នៅក្នុងបន្ទុក) និង ទី៥-ឈ្មោះ វី វិច្ឆិការ ភេទស្រី អាយុ៧ឆ្នាំ មុខរបរសិស្ស (ជួយសង្គ្រោះបាន)។
លោកអធិការបានបន្តថា ជនរងគ្រោះទាំង៥នាក់នេះមាន៤នាក់ជាបងប្អូនបង្កើតដែលមានឪពុកឈ្មោះ កែវ ផល្លី អាយុ ៤៦ឆ្នាំ មុខរបរប្រធានមណ្ឌលសុខភាព សសរស្ដម្ភ ម្ដាយឈ្មោះ រ័ត្ន រ៉ាដា អាយុ ៤៤ឆ្នាំ មុខរបរលក់ថ្នាំពេទ្យហើយត្រូវបានឈ្មោះ កែវពេជ្រ ចរណៃ ជាបងស្រីបង្កើតជិះម៉ូតូដឹកប្អូនៗទៅលេងទឹកនៅកន្លែងកើតហេតុនិងម្នាក់ទៀតទៅជាមួយឪពុកម្ដាយរបស់គេត្រូវបានជួយសង្គ្រោះ។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចនគរបាលបានចុះទៅដល់ទីតាំងខាងលើហើយបានជួយស្រង់ក្មេងរងគ្រោះនិងជួយដឹកសពយកមកលំនៅដ្ឋានរបស់ពួកគេស្ថិតនៅភូមិសសរស្តម្ភ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ដើម្បីឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យទៅតាមទំនៀមទំលាប់ប្រពៃណីសាសនា។
ក្រោយកើតហេតុភ្លាមៗគេសង្កេតឃើញវត្តមានអភិបាលរងខេត្ត លោក គឹម ឆៃហៀង និងសមត្ថកិច្ចចុះទៅជួយអន្តរាគមន៍ផងដែរ៕