រាជធានីភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាលអៈអាងថា ខណៈអាកាសធាតុឡើងកំដៅនៅប្រទេសកម្ពុជាបានធ្វើឲ្យប្រជាពលរដ្ឋកំពុងតែរងគ្រោះដោយជំងឺតប់ប្រម៉ល់ឬហៅថាជំងឺស្រ្តេស និងជំងឺហត់ ដែលទាមទារឲ្យពួកគាត់មានការប្រុងប្រយ័ត្នចំពោះបញ្ហាសុខភាព។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងនៅព្រឹកថ្ងៃទី២៧ មេសានេះថា វិធានការដើម្បីឆ្លើយតបជំងឺខាងលើនេះ គឺប្រជាពលរដ្ឋត្រូវងូតទឹកឲ្យបានញឹកញាប់និងផឹកទឹកឲ្យបានច្រើន គួបផ្សំនិងការស្រោចទឹកនៅជុំវិញបរិវេណលំនៅដ្ឋានដើម្បីផ្តល់ភាពត្រជាក់នៅក្នុងផ្ទះ ។លោកវេជ្ជបណ្ឌិត បន្តថា បច្ចុប្បន្ននេះក្រសួងមិនទាន់ទទួលបាននូវព័ត៌មានជុំវិញការផ្ទុះនូវជំងឺឆ្លងនៅក្នុងរដូវក្តៅនេះទេ ។ ប៉ុន្តែប្រសិនបើមានករណីផ្ទុះករណីជំងឺឆ្លងនោះ គឺក្រសួងសុខា ភិបាលបានត្រៀមនូវវិធានការទប់ស្កាត់រួចរាល់អស់ហើយ តាមរយៈការផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋពីវិធានការបង្កា និងត្រៀមនូវឧសថក្នុងការព្យាបាលនៅតាមមណ្ឌលសុខភាពនៅទូទាំងប្រទេស។
ក្នុងពេលដែលអាកាសធាតុបានឡើងដល់៤១អង្សារនេះ ប្រជាពលរដ្ឋមកពីខេត្ត មួយចំនួនបានលើកឡើងថា ការឡើងកម្តៅនេះ ធ្វើឲ្យពួកគាត់ពិបាករស់នៅ និងប្រកបមុខរបរស៊ីតែម្តង ។
គួររំលឹកថា ក្រសួងសុខាភិបាលកាលពីថ្ងៃទី២៦ មេសា បានចេញសេចក្តីជូនដំណឹងអំពាវនាវឲ្យប្រជាពលរដ្ឋ ជាពិសេសកុមារ និងជនចាស់ជរា ប្រុងប្រយ័ត្ននិងការពារពីជំងឺដែលអាចកើតមានដោយសារអាកាសធាតុក្តៅខ្លាំងដែលមានផលប៉ះពាល់អាចបណ្តាលឲ្យស្លាប់បាន ។ ការប្រែប្រួលអាកាសធាតុកើនឡើងកម្តៅខុសពីធម្មតានេះ ដែលអាចធ្វើឲ្យប៉ះពាល់ដល់ស្លាប់ ដោយសារជំងឺបេះដូង សួត និងជំងឺ ឆ្លងផ្សេងៗ ព្រមទាំងខ្វះចំណីដោយសារមានភាពរាំងស្ងួតគឺមិនអាចធ្វើការដាំដុះបាន ។
ក្រសួងក៏បានអំពាវនាវផងដែរឲ្យប្រជាជនមានការប្រុងប្រយ័ត្នចំពោះរោគសញ្ញាមួយចំនួនដូចជាអស់កម្លាំងដោយសារកម្តៅថ្ងៃ ការប៉ះពាល់សសៃឈាមក្នុងខួរក្បាល ជំងឺស្បែកឡើងក្រហម-ក្តៅ និងស្ងួត ឈឺក្បាល វិលមុខ ធីងធោង បាត់បង់ការបញ្ចេញញើស ខ្សោយសាច់ដុំឬរមួលក្រពើ ក្អួត-ចង្អោរ បេះដូងដើរញាប់ ដកដង្ហើមញាប់និងថប់ៗមានការផ្លាស់ប្តូរអត្តចរិតដូចជាវង្វេងវង្វាន់ និងដើរទ្រេតទ្រោត ហើយអាចបាត់បង់ស្មារតី ខួចខួរក្បាល ឬអាចបាត់បងជីវិតផងដែរ។
ចំណែកក្រសួងធនធានទឹក និងឧត្តុនិយមធ្លាប់បញ្ជាក់ថា ការឡើងកម្តៅនេះ អាចបន្តអូសបន្លាយយូ ខណៈដែលក្រសួងព្យាករណ៍ថា កម្ពុជានឹងមានភ្លៀងធ្លាក់គ្រប់គ្រាន់វិញនៅចុងខែកក្កដាខាងមុខនេះ ៕