រាជធានីភ្នំពេញ៖ លោក វីលៀម ហេដថ៍ (William Heidt) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាគ្រោងធ្វើសន្និសីទសារព័ត៌មានស្តីពីស្ថានភាពតំបន់ព្រៃឡង់នៅថ្ងៃទី១៨ មេសា។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាដែលត្រូវបានផ្សព្វផ្សាយឲ្យដឹងថា លោក វីលៀម ហេដថ៍ នឹងត្រលប់ពីការជិះឧទ្ធម្ភាគចក្រមើលព្រៃឡង់នៅថ្ងៃទី១៨ មេសា។ គោលបំណងនៃការធ្វើដំណើរតាមឧទ្ធម្ភាគចក្រមើលព្រៃឡង់ គឺដើម្បីលើកកំពស់ការយល់ដឹង ពីការបំផ្លិចបំផ្លាញព្រៃឈើ និងបង្កើនការគាំទ្ររបស់រដ្ឋាភិបាលក្នុងការការពារព្រៃឈើ។
សេចក្តីប្រកាសព័ត៌មានដដែលឲ្យដឹងដែរថា មន្ត្រីរដ្ឋាភិបាលដែលចូលរួមក្នុងដំណើរមើល ព្រៃឡង់ជាមួយ លោក វីលៀម ហេដថ៍ត រួមមានរដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក សក់ សេដ្ឋា អគ្គនាយករដ្ឋបាលព្រៃឈើនៃក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឆេង គឹមស៊ុន និងតំណាងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)។
ព្រៃឡង់នៅកម្ពុជាគ្របដណ្តប់ក្នុងខេត្តចំនួន៤គឺខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងកំពង់ធំ។ ព្រៃនេះ មានសារសំខាន់សម្រាប់មនុស្សប្រមាណ២០ម៉ឺននាក់ដែលកំពុងរស់នៅពឹងផ្អែកនិងអាស្រ័យផល ជាពិសេសសម្រាប់សហគមន៍ជនជាតិដើមភាគតិចកួយ។